MS-RT គឺជារថយន្ត Pickup truck សមាជិកថ្មីក្នុងត្រកូល Ranger របស់ក្រុមហ៊ុន Ford។ Ranger MS-RT 2025 ត្រូវបាន Ford ផ្តល់រហ័សនាមថា “The Ultimate Street Truck” ត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួន និយាយថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារអូស្រ្តាលីនាពេលខាងមុខនេះហើយ។ រថយន្ត Pickup truck ស៊េរីថ្មីឆ្នាំ 2025 មួយនេះ ត្រូវបានក្រុមហ៊ុន Ford សហការជាមួយក្រុមការងារជំនាញ Modified រថយន្តដ៏ល្បីល្បាញឈ្មោះ M-Sport Rally Team ទៅលើការរចនារូបរាងខាងក្រៅថ្មីបែបស្ព័រខុសពីសមាជិកក្នុងត្រកូល Ranger ដែលមានលក់នៅលើទីផ្សារពេលបច្ចុប្បន្ន។
យោងតាមសេចក្តីរាយការណ៌កន្លងមក បានអោយដឹងថា MS-RT ដែលជារថយន្ត Pickup truck សមាជិកថ្មីក្នុងត្រកូល Ranger ថ្មីនេះ គឺមានការផលិតចេញត្រឹមតែ 200 គ្រឿងប៉ុណ្ណោះ។ ជាមួយនិងការប្រកាសចេញនៅពេលនេះ យោងអាចមើលឃើញផ្នែកខាងមុខរបស់ Ranger MS-RT 2025 នេះ បានច្បាស់ គឺមានការឌីស្សាញជាមួយផ្ទាំងប៉ាណាមុខថ្មីកាន់តែកាច ប៉ុន្តែ រក្សាការរចនាចង្កៀងរាងអក្សរ C ដូចម៉ូដែលសមាជិករបស់វាដដែល។ សម្រាប់ផ្ទាំងរបាំងការពារផ្នែកខាងមុខ (front bumper) ក៏មានការឌីស្សាញថ្មីកាន់តែមានភាពធន់រឹងមាំ។
ចំនុចដែលទាក់ទាញខ្លាំងរបស់ Ranger MS-RT គឺនៅផ្នែកខាងក្រោយ ដោយសារតែវាមានលេងជាមួយកន្ទុយ Spoiler នៅលើដំបូល និងការរចនាទា្វរកឹបខាងក្រោយថ្មីប្លែកដូចកន្ទុយសត្វទា ដែលភាសាបច្ចេកទេសហៅថា “Ducktail”។ នៅផ្នែកខាងក្នុងត្រូវបានរចនាបំពាក់ជាមួយកៅអីស្បែកគុណភាពខ្ពស់មានរំលេចជាមួយថ្នេរអំបោះឆៅពណ៌ខៀវ រួមទាំងមានរំលេចនិមិត្តសញ្ញា MS-RT នៅលើកំណល់ក្បាលកៅអី ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់រថយន្តផ្ទាល់តែម្តង។
Ford Ranger MS-RT ស៊េរីឆ្នាំ 2025 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់ជាមួយយ៉ាន់កង់ដែលមានទំហំធំដល់ 21-inch ដែលជាទំហំធំបំផុតមិនធ្លាប់ប្រើនៅលើរថយន្តត្រកូល Ranger របស់ Ford។ ទោះបីជាប្រើយ៉ាន់កង់ធំក៏ពិតមែន ក៏ប៉ុន្តែវាបានប្រើប្រាស់សំបកដែលមានបន្ទាលទាបបែបស្ព័រជាមួយការធ្វើការរៀបចំនៅប្រព័ន្ធគ្រឿងក្រោមថ្មីដែលមានភាពរឹងមាំ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការបើកបរ។ Ranger MS-RT មានកម្ពស់ទាបជាង Ford Ranger Wildtrak ប្រមាណ 40mm។
Ford MS-RT 2025 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតទំហំ 3.0-liter ប្រភេទម៉ាស៊ីន TD EcoBlue V6 Diesel មាន 6 ស៊ីឡាំង អាចផលិតកំលាំងបាន 237 សេះ និងកំលាំងរមូល 600Nm ភ្ជាប់ដំណើរការដោយប្រអប់លេខ 10 ស្វ័យប្រវត្តិ ដំណើរការដោយប៉ុងពីរ (Four-wheel-drive) ជាមួយប្រព័ន្ធចាក់ប៉ុងក្រោយ rear differential lock និងប្រព័ន្ធ terrain management system ថែមទៀតផង។ សម្រាប់សមត្ថភាពអូសសណ្តោងទំងន់ជាមួយទំពក់ខាងក្រោយវិញ Ranger MS-RT 2025 មានសមត្ថភាពអាចអូសបានទំងន់ 3,500kg ឬ 3,5 តោន ខណៈកន្ទុយក្រោយអាចផ្ទុកទំងន់បាន 1 តោន៕