Toyota bZ3C ដែលជារថយន្តអគ្គិសនីស៊េរីថ្មីដែលប្រភេទរថយន្ត mid-size SUV របស់ Toyota ត្រៀមបង្ហាញវត្តមានផ្លូវការណ៍នៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ រថយន្តដែលដំណើរការដោយអគ្គិសនីសុទ្ធរបស់ប្រទេសជប៉ុនមួយនេះ ត្រូវបានគេដឹងថា នឹងមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវដល់ 630km នៅពេលសាកថាមពលថ្មពេញម្តង។
អ្វីដែលទទួលបានការចាប់អារម្មណ៍បំផុតនោះ គឺថារថយន្តអគ្គិសនី Mid-size SUV មួយនេះ នឹងគាំទ្រនូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបឆ្លាតវៃទាន់សម័យកាល ដូចជាវប្រព័ន្ធបើកឆ្លាតវៃ និងកាប៊ីនបំពាក់នូវមុខងារឆ្លាតវៃជាដើម។ សូមជំរាបថា Toyota bZ3C បានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្ត Beijing Auto Show 2024 ដែលរថយន្តអគ្គិសនីថ្មីនេះ គឺត្រូវបានរចនាឡើងយកលំនាំនៃគំរូរចនារបស់ bZ Sport Crossover Concept ដែលត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show។
រថយន្ត Mid-size SUV កៅអី 5 របស់ជប៉ុនមួយនេះមានប្រវែងបណ្តោយ 4,780mm/ ទទឹង 1,866mm/ កម្ពស់ 1,510mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,880mm។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានជម្រើសពណ៌ខាងក្រៅ 5 ពណ៌ និងពណ៌ខាងក្នុងចំនួន 3 ពណ៌រំលេចជាមួយជម្រើសពណ៌ dual-tone color។ ផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch គាំទ្រកម្មវិធី Third-party ជាង 200 មានមុខងារឆ្លាតវៃ AI Face recognition, in-car video call, reminders about children, gesture និង voice control គាំទ្រដំណើរការដោយមុខងារ AI Virtual assistant ជាដើម។
រថយន្តនេះមានដៃចង្កូតរចនាជារាងរង្វង់បំពាក់ដោយប៊ូតុងចុចបញ្ជាមុខងារសំខាន់ៗមួយចំនួនមានទំហំធំ ហើយនិងមានអេក្រង់បង្ហាញព័ត៌មានស្ថិតនៅជិតកញ្ចក់ដំបូលខាងមុខដែលនេះបង្ហាញថា bZ3C មិនមានមុខងារ Head-up display នោះទេ។ នៅផ្នែកខាងក្រោយរបស់ Toyota bZ3C អាចផ្ទុះចំនុះបាន 463 លីត្រ ដែលសមល្មមក្នុងការដាក់វ៉ាលីទំហំ 24-inch បានចំនួន 4។ នៅលើកញ្ចក់ដំបូលមុខ មានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែលបង្ហាញច្បាស់ថា រថយន្តអគ្គិសនីនេះ គាំទ្រនូវបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ Smart Driving ability។
បើតាមការចុះបញ្ជីលក់របស់ស្ថាប័ន MIIT របស់ប្រទេសចិនដែលបានបង្ហាញចេញកាលពីខែកញ្ញាកន្លងទៅបានបង្ហាញថា Toyota bZ3C ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយជាប្រភេទ TZ200XS003 កំលាំង 200kW ហើយនិងកញ្ចប់ថាមពលថ្មប្រភេទ lithium-ion phosphate blade battery ផ្គត់ផ្គង់ដោយ FinDreams ដែលជាក្រុមហ៊ុនផលិតថ្មរបស់ BYD។ ទោះជាយ៉ាងណាសម្រាប់ទំហំថាមពលថ្មរបស់ bZ3C មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ដោយគេគ្រាន់តែដឹងថា រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានពីរជម្រើស គឺជម្រើសអាចបើកបរបាន 550km និងជម្រើសបើកបាន 630km នេះបើតាមការបញ្ជាក់ពីការធ្វើតេស្តរបស់ស្ថាប័ន CLTC៕