ក្រុមហ៊ុនផលិតរថយន្តម៉ាក Jetour របស់ Chery បានប្រកាសថា ខ្លួននឹងធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីដែលជារថយន្តប្រណិតប្រភេទ off-road។ ហើយរថយន្តស៊េរីថ្មីនេះ នឹងត្រូវដាក់បង្ហាញនៅក្នុងសន្និសិទមួយដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី 22 ខែ មករា ខាងមុខនេះ។ រថយន្ត Off-Roadស៊េរីថ្មីរបស់ Jetour ត្រូវបានគេស្គាល់ថាជាម៉ូដែល Jetour Zhongheng ឬ Jietu Zhongheng។
Jetour Zhongheng នឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹងរថយន្ត Off-Roadប្រណិតដូចជា GWM Tank 700 ប៉ុន្តែ គោលដៅចម្បងរបស់ Jetour គឺការប្រជែងទីផ្សារជាមួយរថយន្ត off-road របស់ Jeep និង Land Rover តែម្តង។ ក្រុមហ៊ុនមេរបស់ Jetour គឺ Chery បានធ្វើការចុះពាណិជ្ជសញ្ញារថយន្តស៊េរីថ្មីចំនួន 3 ស៊េរីជាមួយស្ថាប័ន State Intellectual Property Office ដែលរថយន្តថ្មីទាំងបីស៊េរីនោះរួមមាន Jetour G900, Jetour G700 និង Jetour F700។
Jetour ជាក្រុមហ៊ុននៃម៉ាករថយន្តមួយរបស់ Chery ដែលបានបង្កើតនៅក្នុងឆ្នាំ 2018 ហើយក្រុមហ៊ុននេះ គឺមានជំនាញផ្តោតទៅលើការផលិតរថយន្តប្រភេទ SUV។ លោក Li Xueyong អគ្គនាយករងនៃក្រុមហ៊ុន Chery Automobile ធ្លាប់បាននិយាយកាលពីមុនថា ម៉ាករថយន្ត Jetour នឹងដាក់លក់រថយន្តធុនស្រាល ឬ Light off-road ចំនួន 4 ម៉ូដែល និង Strong off-road ចំនួន 3 ម៉ូដែល ហើយនិងរថយន្ត Off-Road ថ្នាក់ប្រណីតចំនួន 1 ឬ 2 ម៉ូដែល។
សម្រាប់រថយន្ត off-road ត្រកូលថ្មីដ៏ប្រណិតដែលស្ថិតក្នុងគម្រោង Jetour ត្រូវបានគេជឿថា មានគោលដៅដើម្បីធ្វើឱ្យម៉ាកយីហោនេះអាចប្រគូតប្រជែងជាមួយរថយន្ត Off-road ម៉ាក Land Rover របស់ចក្រភពអង់គ្លេស និងរថយន្ត Jeep នៅសហរដ្ឋអាមេរិក។ Jetour បានទទួលជំនួយពី Chery ជាមួយនឹងបច្ចេកវិទ្យា off-road និងបានសហការជាមួយ្រុមហ៊ុនម៉ាក Luxeed ពី Chery និង Huawei ដើម្បីទទួលបានបទពិសោធន៍ក្នុងការផលិតរថយន្តម៉ាកប្រណិតលំដាប់ high-end luxury brand។
រថយន្ត Off-road ស៊េរីថ្មីរបស់ Jetour នឹងដំណើរការនៅលើប្រព័ន្ធម៉ាស៊ីន Hybrid រួមជាមួយនឹងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការបើកបរក្នុងស្ថានភាពផ្លូវ Off-Road កម្រិតខ្ពស់ (Advanced off-road technology) ដែលផ្តល់នូវបទពិសោធន៍ថ្មីដ៏អស្ចារ្យសម្រាប់ការបើបរជាមួយនឹងប្រណិតភាពនៃរថយន្ត។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតនៃរថយន្ត Off-Road របស់ Jetour អាចនឹងត្រូវបានបើកបង្ហាញនៅថ្ងៃទី 22 ខែមករា សប្តាហ៍ក្រោយនេះ។
នៅក្នុងពេលបច្ចុប្បន្ន Jetour បានផលិតចេញនូវរថយន្តប្រភេទ Small និង Medium-Size SUV ដែលមានជម្រើសទាំងការប្រើប្រាស់ម៉ាស៊ីនសុទ្ធ និងប្រព័ន្ធម៉ាស៊ីន Hybrid។ សូមបញ្ជាក់ថា Chery ក៏ជាដៃគូបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Jaguar Land Rover នៅក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ (JV) នឹងចាប់ផ្តើមបញ្ចេញរថយន្តម៉ាក Freelander ដោយប្រើវេទិកា Chery E0X Platform៕