នៅក្នុងប្រទេសថៃ ចំនួននៃការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធថ្មីនៅក្នុងឆ្នាំ 2024 មានចំនួន 70,137 គ្រឿង ធ្លាក់ចុះ 8.1% ធៀបនឹងឆ្នាំ 2023 ជាមួយនឹងអត្រានៃការជ្រៀតចូលទីផ្សាររថយន្តអគ្គិសនីសរុប 14.0%។ ក្នុងចំណោមម៉ាកយីហោរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេបំផុតទាំងដប់នោះ មានចំនួនប្រាំពីរជាម៉ាកយីហោរថយន្តរបស់ប្រទេសចិន ដោយក្នុងនោះ BYD ជាប់បានឈរនៅចំណាត់ថ្នាក់លេខ1 ក្នុងការលក់រយះពេលពេញមួយឆ្នាំ ដោយក្តោបក្តាប់ចំនែកទីផ្សារច្រើនជាងមួយភាគបីនៃចំណែកទីផ្សាររថយន្តអគ្គិសនីសុទ្ធសរុបក្នុងប្រទេសថៃ។
នៅក្នុងខែតុលា ឆ្នាំ 2022, BYD បានធ្វើការប្រកាសចេញលក់រថយន្តម៉ូដែល Atto 3 របស់ខ្លួននៅក្នុងTទីផ្សារប្រទេសថៃ ហើយបានចាប់ផ្តើមលក់ Atto 3 ផ្លូវការណ៍នៅក្នុងខែវិច្ឆិកា។ គិតចាប់តាំងពីខែមករា ឆ្នាំ 2023 មក BYD បានឈរនៅចំណាត់ជួរមុខគេក្នុងការលក់រថយន្តអគ្គិសនីសុទ្ធនៅក្នុងប្រទេសថៃ សម្រាប់រយះពេល 18 ខែ។ បច្ចុប្បន្ននេះ រថយន្តអគ្គិសនីសុទ្ធមួយក្នុងចំណោមរថយន្តទាំងបីដែលលក់ក្នុងប្រទេសថៃ គឺជាម៉ាក BYD។ គួរបញ្ជាក់ផងដែរថា ម៉ាកយីហោជប៉ុនដូចជា Honda, Toyota, Nissan, និង Isuzu ពីមុនបានកាន់កាប់ជាងចំនែកទីផ្សារប្រមាណ 90% នៃទីផ្សាររថយន្តក្នុងស្រុកថៃ។
ក្រៅពីប្រទេសថៃ នៅក្នុងប្រទេសសិង្ហបុរីវិញ BYD បានក្លាយជាក្រុមហ៊ុនដែលនាំមុខគេក្នុងការលក់សរុបកាលពីឆ្នាំ 2024 ហើយក៏ជាលើកដំបូង ដោយបានយកឈ្នះក្រុមហ៊ុន Toyota ផងដែរ។ នៅឆ្នាំ 2024 ការលក់រថយន្តរបស់ BYD បានកើនឡើងពី 1,416 គ្រឿងដែលលក់បានក្នុងឆ្នាំ 2023 ដល់ 6,191 គ្រឿងក្នុងឆ្នាំ 2024 ដែលបានកាន់កាប់ចំនែកទីផ្សារ 14.4% នៃចំណែកទីផ្សាររថយន្តសរុបក្នុងប្រទេសសិង្ហបុរី។ ចំនែកក្រុមហ៊ុនជប៉ុន Toyota បានតាមពីក្រោយជាមួយនឹងការលក់រថយន្តប្រចាំឆ្នាំចំនួន 5,736 គ្រឿង, BMW លក់បានចំនួន 5,042 គ្រឿង និង Mercedes-Benz លក់បានចំនួន 4,887 គ្រឿង ដោយជាប់ចំណាត់ថ្នាក់លេខ 2 ដល់ទី 4។
ចំនែកការលក់របស់ក្រុមហ៊ុន Tesla បានឈានដល់លេខ 4 ខ្ទង់ជាលើកដំបូងកាលពីឆ្នាំ 2024 ដោយកើនឡើងពី 940 គ្រឿងលក់បានក្នុងឆ្នាំ 2023 កើនដល់ 2,384 គ្រឿងក្នុងឆ្នាំ 2024។ មិនត្រឹមតែនៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះទេ BYD ក៏បានវ៉ាដាច់តូយ៉ូតានៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសជប៉ុនជាលើកដំបូងក្នុងឆ្នាំ 2024 ជាមួយនឹងការលក់បានចំនួន 2,223 គ្រឿង កើនឡើង 54% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្ទុយទៅវិញ ការលក់រថយន្តអគ្គិសនីរបស់ Toyota បានធ្លាក់ចុះ 30% មកនៅត្រឹមតែ 2,038 គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ 2024 កន្លងទៅ៕