Cadillac Lyriq-V ដែលជារថយន្តអគ្គិសនីប្រភេទ SUV ស៊េរីឆ្នាំ 2026 ត្រូវបានបង្ហាញវត្តមាននៅមុនការបង្ហាញខ្លួននៅទឹកដីនៃប្រទេសអូស្រ្តាលីនាដើមឆ្នាំក្រោយនេះ (2026)។ រថយន្តអគ្គិសនីស៊េរី SUV របស់ Cadillac មួយនេះមានអនុភាពកំលាំងខ្លាំងមិនធម្មតានៅទេ ដោយការជាន់ល្បឿនពី 0-97km/h ប្រើពេលត្រឹមតែ 3.3 វិនាទី ដែលជាល្បឿនលឿនជាងរថយន្ត Flagship របស់ Cadillac ម៉ូដែល CT5-V Backwing ដែលអាចជាន់ល្បឿនស្ទុះប្រើពេលប្រមាណ 3.4 វិនាទី ដោយប្រើនៅម៉ាស៊ីន 6.2-litre supercharged V8 កំលាំង 498kW ដែលបញ្ចូនទៅកាន់កង់ខាងក្រោយ Rear-wheel-drive។
Cadillac Lyriq-V ស៊េរីឆ្នាំ 2026 បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 2 អាចផលិតកំលាំងសរុបបាន 459kW និងកំលាំងរមូល 880Nm ដោយផ្តល់នូវអនុភាពកំលាំងទៅកាន់កង់ទាំងបួន (All-wheel-drive)។ ហើយអនុភាពកំលាំងនេះ ត្រូវបានបង្កើនពីម៉ូដែលស្តង់ដារ All-wheel-drive Lyriq ដែលមានកំលាំង 388kW និងកំលាំងរមូល 610Nm ដែលមានសមត្ថភាពជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 97km/h ប្រើពេល 4.7 វិនាទី។ 2026 Cadillac Lyriq-V បានបំពាក់នូវកញ្ចប់ថ្មអគ្គិសនីទំហំ 102kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចំងាយផ្លូវ 459km។
បន្ថែមពីនេះ Cadillac Lyriq-V 2026 ក៏មានការបង្កើនទៅលើប្រសិទ្ធិភាពទៅលើប្រព័ន្ធមុខងារ retuned dampers, lowered ride height, quicker steering ratio, unique synthesised driving sounds, និងប្រព័ន្ធហ្វ្រាំង Brembo front brake calipers ពណ៌ក្រហម។ ទៅលើការរចនារូបរាងខាងក្រៅរបស់ Cadillac Lyriq-V 2026 គឺប្រកបដោយប្រណិតភាព និងភាពអំនាចខ្លាំងបំផុតដែលជា DNA នៃការរចនារថរថយន្តរបស់ Cadillac ផ្ទាល់តែម្តង គឺមិនច្រលំនឹងរថយន្តផ្សេងឡើយ។
ផ្នែកខាងមុខមានបំពាក់នៅផ្ទាំងប៉ាណាធំពណ៌ខ្មៅ រំលេចជាមួយអំពូល LED រចនាជាឆ្នូត រួមនឹងអំពូល LED បញ្ឈរសងខាងជាប់នឹងចង្កៀងបំភ្លឺពេលយប់។ ងាកមកផ្នែកខាងក្រោយវិញ ត្រូវបានរចនាជាមួយអំពូលបំភ្លឺរត់អមសងខាងកញ្ចក់ដំបូលខាងក្រោយយ៉ាងប្រណិត ក៏ដូចជាផ្នែកសងខាងនៅខាងក្រោមផងដែរ។ ជាមួយគ្នានេះ វាក៏មានរំលេចដោយកន្ទុយ Spoiler ដ៏ទាក់ទាញជាមួយអង់តែនព្រុយត្រីឆ្លាម។
នៅផ្នែកចំហៀងមានការរចនាបែបប្រណិតជាមួយដៃទ្វារលាក់ Hidden-door-handle។ Cadillac Lyriq-V បំពាក់យ៉ាន់កង់ទំហំ 22-inch ជាប្រភេទអាលុយមីញ៉ូមប្រភេទ Alloy ពណ៌ខ្មៅជាមួយសម្បកកង់ដែលអាចបើកបានគ្រប់រដូវកាលតែម្តង។ ផ្នែកខាងក្នុងមានការរចនារៀបចំបែបទំនើបទាន់សម័យកាលដូចជាមានបំពាក់អេក្រង់ទំហំធំដល់ 33-inch រចនាបែបស្លឹកឈើ, បំពាក់ Speaker ស៊េរី AKG Audio System ចំនួន 23 គ្រាប់, កៅអីស្បែកប្រភេទ nappa leather upholstery, ដំបូលបើក panoramic glass roof, រួមនឹងមុខងារ Augmented-reality head-up display (AR-HUD)។
បន្ថែមពីនេះ Cadillac Lyriq-V 2026 ក៏មានបំពាក់នូវកញ្ចប់បច្ចេកវិទ្យា Super Cruise semi-autonomous technology របស់ក្រុមហ៊ុន General Motor Group ថែមទៀតផង។ Cadillac Lyriq-V 2026 មានតម្លៃចេញពីរោងចក្រចាប់ផ្តើមពី $79,990 នៅមុនការនាំចេញ និងការគិតពន្ធ៕