រូបភាព render របស់រថយន្ត SUV ចេញពីម៉ាក Mona ត្រូវបានទម្លាយចេញនៅលើប្លុកព័ត៌មាន automotive នៅក្នុងប្រទេសចិន។ Mona គឺជាម៉ាករថយន្តកម្រិតមធ្យមរបស់ Xpeng ហើយរថយន្ត SUV ស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅឆមាសទីពីរ ឆ្នាំ 2025។ ម៉ាកយីហោរថយន្ត Mona បានចេញលក់រថយន្តអគ្គិសនីទើបបានតែមួយម៉ូដែលប៉ុណ្ណោះ គឺ Mona M03 ដែលជាប្រភេទរថយន្ត Sedan និងបានចេញលក់កាលពីខែសីហា ឆ្នាំ 2024។ Mona M03 គឺជារថយន្ត mid-size sedan ដែលមានតម្លៃចាប់ពីខ្ទង់ $16,500 ឡើងទៅនៅទីផ្សារប្រទេសចិន។
សម្រាប់រថយន្តម៉ូដែលទីពីររបស់ Mona អាចជាប្រភេទ mid-size SUV ហើយអាចជាម៉ូដែល ចូលខ្លួនមកជំនួសម៉ូដែល Mona G3 ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ការផលិត។ រថយន្តស៊េរីថ្មីដែលចេញនៅឆមាសទីពីរឆ្នាំ 2025 អាចជាម៉ូដែល Mona G03។ រថយន្ត Mona SUV ស៊េរីថ្មីនេះ អាចនឹងមានតម្លៃចាប់ពីខ្ទង់ប្រហែល $18,000។
កាលពីខកុម្ភៈ ឆ្នាំ 2024 នាយកប្រតិបត្តិ Xpeng បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួននឹងធ្វើការបញ្ចេញរថយន្តយ៉ាងហោចណាស់ក៏ 30 ម៉ូដែល នៅរយះពេល 3 ឆ្នាំខាងមុខទៀតនេះ។ ហើយសម្រាប់រថយន្តដែលជា Main brand របស់ Xpeng ដែលនឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2025 នេះ អាចជា ម៉ាក Xpeng G5 ដែលជា Compact SUV ដែលមានលេខកូដ F62, Xpeng G7 ដែលជា Large SUV ដែលមានលេខកូដ F01 និង Xpeng H01 ដែលជា Massive SUV មានលេខកូដ H01។
បន្ថែមពីនេះ Xpeng ក៏នឹងមានការប្រកាសចេញរថយន្តប្រភេទ Sedan ស៊េរីថ្មីក្នុងឆ្នាំ 2025 នេះផងដែរ ដែលអាចមានដូចជា ជំនាន់ថ្មីនៃម៉ូដែល Xpeng P7 ដែលជា mid-size sedan និង Xpeng P9 massive sedan ដែលមានកូដ E29។ ដោយឡែកសម្រាប់ម៉ូដែល Mona Series នឹងជារថយន្តទីបីដែលនឹងចេញលក់នៅក្នុងឆ្នាំ 2026។ ជាមួយគ្នានេះ Xpeng ត្រូវបានគេរាយការណ៍ថា មានគម្រោងក្នុងការបញ្ចេញម៉ូដែល Plug-in-hybrid ឬ PHEV សម្រាប់ម៉ូដែលរថយន្តអគ្គិសនីមួយចំនួនរបស់ខ្លួនផងដែរ។ ហើយនេះ គឺជាគម្រោងដ៏មហិមារបស់ Xpeng ព្រោះថា ក្រុមហ៊ុននេះ គឺផលិត និងចេញលក់តែរថយន្តអគ្គិសនីសុទ្ធតែប៉ុណ្ណោះ។
ក្នុងខែមករា ឆ្នាំ 2025, Xpeng លក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 30,350 គ្រឿង កើនឡើងដល់ 267.9% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ 2024 ដែលលក់បានចំនួន 10,668 គ្រឿង។ ក្នុងចំនួនលក់សរុបក្នុងខែមករានេះ ត្រូវបានគេដឹងថា មានជិតពាក់កណ្តាល គឺជា Mona M03 ដែលលក់បានជាង 15,000 គ្រឿង។ ទោះជាយ៉ាងណា Xpeng មិនបានបង្ហាញជាផ្លូវការនូវគោលដៅនៃការលក់របស់ខ្លួននៅឆ្នាំ 2025 នោះទេ ប៉ុន្តែ ក្រុមអ្នកវិភាគ បានព្យាករណ៍ថា ក្រុមហ៊ុននេះអាចនឹងមានចំនួនប្រហែល 400,000 គ្រឿង ដែលជាតួរលេខច្រើនជាងទ្វេដងនៃចំនួន 190,068 គ្រឿងដែលលក់បានកាលពីឆ្នាំ 2024៕