ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Toyota Haice 12 កៅអី ដើម្បីជាក្តីសង្ឃឹមថ្មីសម្រាប់សុខុមាលភាពកុមារកម្ពុជា

នៅថ្ងៃទី 29 ខែមេសានេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសឧបត្ថម្ភមធ្យោបាយធ្វើដំណើរនូវរថយន្ត Toyota Hiace 12 កៅអី យ៉ាងស្រស់ស្អាត ជូនដល់មន្ទីរពេទ្យកុមារធំៗចំនួន 3 រួមមាន មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបេះដូងជប៉ុន (Japan Heart)។ តាមរយៈនៃការផ្តល់ជូនរថន្ត 3 គ្រឿង នៅពេលនេះ គឺក្រុមហ៊ុន មានបំណងផ្តល់នូវក្តីសង្ឃឹមថ្មីសម្រាប់សុខុមាលភាពកុមារកម្ពុជា ក៏ដូចជាការចូលរួមជាមួយនូវស្មារតីនៃការចែករំលែក និងការទទួលខុសត្រូវចំពោះសង្គមផងដែរ។

ពិធីប្រគល់រថយន្ត Toyota Hiace 12 កៅអីទាំង 3 គ្រឿងនេះ ត្រូវបានរៀបចំធ្វើឡើងនៅការិយាល័យកណ្តាល របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានទីតាំងនៅ ទឹកថា្ល ស្ថិតតាមណោយមហាវិថីសហព័ន្ធរុស៊្សី ក្រោម ការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏ដូចជា ប្រធានមន្ទីរពេទ្យកុមារធំៗចំនួន 3 រួមជាមួយបុគ្គលិកក្រុមហ៊ុន ហើយនិងអ្នកសារព័ត៌មានជាច្រើនរូប។

ជាមួយនិងការឧបត្ថម្ភនេះ គឺមិនត្រឹមតែជាការផ្តល់មធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែ នេះគឺជាសកម្មភាពដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសកល "Mobility for All" ដែលមានន័យថា ការធ្វើចលនា គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប ហើយរថយន្តគឺជាស្ពានចម្លងក្តីសង្ឃឹម និងការផ្តល់សិទ្ធិសេរីភាពដល់គ្រប់គ្នា។

តាមរយៈយុទ្ធនាការ "Start Your Impossible" តូយ៉ូតា បានផ្លាស់ប្តូរខ្លួនឯងពីក្រុមហ៊ុនផលិតរថយន្ត ទៅជាក្រុមហ៊ុន្ដែលផ្តល់នូវដំណោះស្រាយចល័តភាព ដើម្បីជួយឱ្យមនុស្សម្នាក់ៗអាចជម្នះរាល់ឧបសគ្គក្នុងជីវិត។ ក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាម៉ាកយីហោជាតិមួយ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស ចាប់តាំងពីវិស័យអប់រំ រហូតដល់វិស័យសុខាភិបាល។
ការផ្តល់រថយន្តនាពេលនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់សម្រាប់កុមារនៅតំបន់ដាច់ស្រយាល ក៏ដូចជាជួយដល់ក្រុមគ្រូពេទ្យក្នុងការចុះអប់រំសុខភាពតាមសហគមន៍ ព្រោះសុខភាពកុមារគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់អនាគតនៃប្រទេសជាតិ។

ទន្ទឹមនឹងការយកចិត្តទុកដាក់លើវិស័យសុខាភិបាល តូយ៉ូតាក៏បានវិនិយោគយ៉ាងខ្លាំងលើសមត្ថភាព និងទេពកោសល្យរបស់យុវជនកម្ពុជាផងដែរ។ ជាក់ស្តែង កម្មវិធីប្រកួតគំនូរ "រថយន្តក្នុងក្តីស្រមៃ" (Toyota Dream Car Art Contest) ដែលបានប្រារព្ធឡើងអស់រយៈពេល 19 ឆ្នាំមកហើយនោះ បានក្លាយជាវេទិកាដ៏ធំមួយសម្រាប់កុមារកម្ពុជាក្នុងការបង្ហាញភាពច្នៃប្រឌិតនៅលើឆាកអន្តរជាតិ។

បន្ថែមលើនេះ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ក៏បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយក្នុងនោះកម្លាំងពលកម្មនៅក្នុងរោងចក្ររហូតដល់ ៧៧% គឺជាសិស្សដែលមកពីសាលាបច្ចេកទេសផ្ទាល់ ដែលនេះជាសក្ខីភាពនៃការជំរុញឧស្សាហកម្មជាតិដោយប្រើប្រាស់ជំនាញខ្ពស់ក្នុងស្រុក។
ជារួម គោលដៅចម្បងរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺការកសាងខ្លួនឱ្យក្លាយជាដៃគូដ៏ជិតស្និទ្ធ និងរីកចម្រើនទៅមុខជានិច្ចជាមួយប្រជាជនកម្ពុជា។ តាមរយៈការប្តេជ្ញាចិត្តបន្តវិនិយោគលើអនាគតយុវជន និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យកុមារនានា តូយ៉ូតាកំពុងតែរួមចំណែកកសាងសង្គមមួយដែលមានភាពរឹងមាំ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ។

