ស្វែងរកពួកយើង:

រាជរដ្ឋាភិបាលសម្រេចបញ្ចុះអត្រាពន្ធគយនាំចូលលើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ពី ៣៥% មកត្រឹម ៧% ប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

29 មីនា 2026 04:25 ល្ងាច

អាន 2 នាទី

Article image
រាជរដ្ឋាភិបាលសម្រេចបញ្ចុះអត្រាពន្ធគយនាំចូលលើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ពី ៣៥% មកត្រឹម ៧% ប៉ុណ្ណោះ
រាជរដ្ឋាភិបាលកម្ពុជា នៅពេលនេះ បានសម្រេចបញ្ចុះអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនរួមមាន ឧបករណ៍អគ្គិសនី, ប្រព័ន្ធសូឡា រថយន្តអគ្គិសនី ជាដើម។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី ២៩ ខែមីនានេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនដូចខាងក្រោម៖

១- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ

២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ

៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ

៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ


៥- បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ។


អត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។ សូមជម្រាបថា ការបញ្ចុះអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញទាំងអស់នេះ គឺរាជរដ្ឋាភិបាលធ្វើដើម្បីសម្រាលបន្ទុកចំណាយរស់ប្រជាពលរដ្ឋ ខណៈស្ថានភាពនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងហ្គាសកើនឡើងខ្ពស់៕
Article image