ភាពពេញនិយមនៃរថយន្តភីកអាប់បានបន្តដំណើរទៅមុខអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនេះ មានការដាក់លក់រថយន្តថ្មីៗជាច្រើននៅក្នុងប្រទេសកម្ពុជាហើយយើងតែងគិតថារថយន្តភីកអាប់មើលទៅល្អនិងស្រស់ស្អាតពីរូបរាងខាងក្រៅ។ ភាគច្រើនមនុស្សតែងគិតថារថយន្តភីកអាប់ប្រើសម្រាប់ ដឹកទំនិញ, ប្រើប្រាស់សម្រាប់ការងារកសិកម្ម, ការងារអាជីវកម្ម, កម្មករសំណង់ និងផ្សេងទៀតដែលជាការដឹកជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះពួកគេបានផ្លាស់ប្តូរចិត្តមនុស្សដោយសារតែម្ចាស់រថយន្តភីកអាប់មួយចំនួនគឺប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការងារអាជីវកម្ម។
ជាលទ្ធផល ដោយសារការរចនារូបរាងខាងក្រៅកំពុងដើរតួនាទីជាធំ នៅពេលនិយាយអំពីការទិញរថយន្តភីកអាប់។ ខណៈពេលដែលរថយន្តដឹកទំនិញធុនធ្ងន់នៅតែមាន អ្នកទិញជាច្រើនក៏ទាមទារលើការរចនាផ្នែកខាងក្រៅដ៏ស្រស់ស្អាតនិងមានអំណាចដែរ ហើយកាន់តែពិសេសរថយន្តភីកអាប់ដ៏ទំនើបដែលត្រូវបានលេងជាមួយនឹងគ្រឿងតុបតែងលំអ ការបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយនៃមុខងារប្រើប្រាស់ និងកម្លាំងខ្លាំង។ តោះ មកមើលរថយន្ត៣ម៉ូដែលនេះដែលមានរូបរាងទាក់ទាញ និងលក់ដាច់នាពេលបច្ចុប្បន្ននេះ។
- ទី1 : រថយន្ត Maxus T90 ដែលមានការរចនារូបរាងខាងក្រៅបែបថ្មីជាមួយនឹងអត្តសញ្ញាណរបស់ខ្លួនគឺអក្សរ Maxus នៅចំកណ្តាល ហើយវាថែមជាមួយប៉ាណានៅពីមុខរថយន្តដែលមើលទៅកាន់តែរឹងមាំ និងទាក់ទាញជាងមុន។ អំពូលចង្កៀងមុខ LED បែងចែកជា២ផ្នែកផ្សេងគ្នាគឺផ្នែកខាងលើ និងចង្កៀងមុខខាងក្រោមរក្សាការរចនាដូចគ្នាដែលមានតួនាទីផ្សេងគ្នា។ ដើម្បីបង្កើនការបំភ្លឺផ្លូវឱ្យកាន់តែច្បាស់ រថយន្ត Maxus T90 បានប្រើប្រាស់បន្ទះឈីបចំនួន៥ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រថយន្តភីកអាប់ដែលតែងតែធ្វើដំណើរទៅកាន់ព្រៃភ្នំ ឬផ្លូវពិបាកៗនាពេលយប់។
Maxus T90 មានកម្ពស់ខ្ពស់ពីដីប្រមាណ 220mm ដែលល្អសម្រាប់ការបើកបរក្នុងរដូវភ្លៀងនេះ ឬផ្លូវលិចទឹក។ លោកអ្នកអាចស្វែងរក Maxus T90 ជាមួយនឹងតម្លៃដ៏ពិសេសគឺ $47,990។ នៅក្នុងដំណើរការម៉ាស៊ីនរថយន្ត Maxus T90 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតតួបូភ្លោះចំណុះ 2.0T (Bi-Turbo) និងភ្ផាប់ដោយប្រអប់លេខ៨វគ្គអូតូ អមនឹងដំណើរការប៉ុង២(4x4) ដែលបង្កើនកម្លាំងបានល្អណាស់។ កម្លាំងសេះគឺ 218hp និងកម្លាំងរមួល 500Nm ដែលធ្វើឱ្យការបើកបររថយន្តភីកអាប់នេះមានអារម្មណ៍ថាមានថាមពលខ្លាំង និងរលូនល្អគ្រប់ស្ថានភាពផ្លូវ។
- ទី 2 : រថយន្ត Toyota Hilux Revo Rally ក៏មានរូបរាងដ៏អស្ចារ្យជាមួយនឹងប៉ាណាមុខដ៏ប្រណិត អមជាមួយកាងខាងមុខដែលបានរចនាកាន់តែទាក់ទាញ ហើយចង្កៀងមុខបំភ្លឺដោយអំពូល LED ភ្លោះថ្មីដ៏រលោងដែលផ្តល់ឱ្យ Hilux Revo Rally មើលទៅគួរឱ្យចាប់អារម្មណ៏នៅពេលបើកបរលើដងផ្លូវ។ ស៊ុមកង់ចំហៀងត្រូវបានរចនាឡើងដើម្បីមើលទៅកាន់តែទាក់ទាញដែលធានាបាននូវស្ថេរភាពនៃការរចនា។ រថយន្ត Hilux Revo Rally មានកម្ពស់ខ្ពស់ពីដីប្រវែង 217mm ដែលល្អសម្រាប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា ហើយជាពិសេសក្នុងរដូវវស្សានេះ។
Toyota Hilux Revo Rally មានផាសុកភាពបំផុតជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ2.8L, ៤ស៊ីឡាំង និងផលិតថាមពល 201hp និងកម្លាំងបង្វិល 500Nm។ តម្លៃដ៏ល្អគឺ $53,400 ដែលធ្វើឱ្យ Toyota Hilux Revo Rally ស្ថិតក្នុងលំដាប់មួយរថយន្តដែលមានតម្លៃសមរម្យ។ មិនថាលោកអ្នកកំពុងធ្វើការហត់នឿយនោះទេ Hilux Revo Rally របស់អ្នកអាចគ្រប់គ្រងអ្វីដែលអ្នកកំពុងបំពេញជាមួយនឹងដំណើរការល្អ និងបច្ចេកវិទ្យាថ្មី។
- ទី3 : រថយន្ត Isuzu D-Max ពិតជាខ្លាំងក្នុងការផលិតរថយន្តភីកអាប់នៅក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំ ហើយទើបតែត្រូវបានកែលម្អយ៉ាងម៉ត់ចត់លើរថយន្តស៊េរីថ្មីនេះ។ Isuzu D-Max រួមបញ្ចូលគ្នានូវភាពរឹងម៉ាំនឹងភាពរលើបរលោង និងកាន់តែមានអតិភាពក្នុងការសម្រេចចិត្តទិញ។ ជាមួយនឹងការរចនាប្លែកភ្នែក អមនឹងបច្ចេកវិទ្យាថ្មីបានធ្វើឱ្យ Isuzu D-Max នាំអ្នកទៅកាន់កម្រិតឈានមុខជាមួយនឹងបទពិសោធន៍ថ្មី និងមុខងារប្រើប្រាស់ទំនើបៗដែលផ្តល់ជូននូវដំណោះស្រាយនៃភាពទាក់ទាញ និងភាពងាយស្រួលក្នុងការបើកបរ ក៏ដូចជាដើម្បីជួយធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួលនិងស៊ីវិល័យ។ រថយន្ត D-Max ភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូត Turbo 3.0L 4 ស៊ីឡាំង ប៉ុង 2 ដែលផ្តល់ថាមពល 140Kw និងកម្លាំងបង្វិល 450Nm។ ឥឡូវនេះ Isuzu D-Max ស៊េរីថ្មីគឺជាជម្រើសដ៏រឹងមាំ ជាមួយនឹងរូបរាងខាងក្រៅស្រស់ស្អាតដែលអាចទទួលយកគ្រប់លក្ខខណ្ឌនៅលើផ្លូវ។ ឥឡូវនេះវាមានលក់ក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃ $54,500។
ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងទីផ្សារដើម្បីស្វែងរករថយន្តភីកអាប់ថ្មីសម្រាប់ប្រើប្រាស់ លោកអ្នកប្រហែលជាគិតលើចំណុចដំបូងនៃការរចនាផ្នែកខាងក្រៅព្រោះ វាជាចំណាប់អារម្មណ៍ទាក់ទាញដំបូងគេ និងផ្តល់ឱ្យម្ចាស់រថយន្តនូវចំណាប់អារម្មណ៏ពីមនុស្សជុំវិញខ្លួន។ ដើម្បីកំណត់រថយន្តដែលមានរូបរាងល្អបំផុត ភាគច្រើនត្រូវបានគេគិតលើការប្រើការសម្ភារៈគ្រឿងបង្គុំនៃតួរថយន្ត ដូចជា រូបរាងដ៏មានអំណាច និងផ្តល់ជូន នូវទំហំធំទូលាយ។ លោកអ្នក ដែលបានទិញរថយន្តភីកអាប់ប្រហែលជា បានដឹងហើយថា ការរចនាផ្នែកខាងក្រៅ, តម្លៃសមរម្យ, កម្លាំងខ្លាំង និងមុខងារកាន់តែទំនើប គឺជារឿងដំបូងដែលអ្នកត្រូវគិតមុននឹងទិញរថយន្តភីកអាប់មួយណា។