Honor X6a គឺជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលមានអេក្រង់ទំហំធំដល់ 6.56 អ៊ីង និងមានការគាំទ្រកម្រិតបង្ហាញ FHD ទំហំ 720x1612 ភិចសែល លាតនៅលើផ្ទៃបង្ហាញសរុបប្រមាណ 84.3% នៃផ្ទៃអេក្រង់ទាំងមូល… បន្ទះអេក្រង់ស្មាតហ្វូននេះ គឺជាប្រភេទ TFT LCD ខ្នាត 20:9 និងមានល្បឿន refresh rate 90Hz ដែលសមល្មមសម្រាប់ការប្រើប្រាស់ចុចអូសដំណើរការកម្មវិធីប្រើប្រាស់បានរអិលជាងអេក្រង់ 60Hz នៅលើស្មាតហ្វូនមួយចំនួន… ចំពោះ គុណភាពបង្ហាញលើផ្ទៃអេក្រង់ FHD 90Hz របស់ Honor X6a វិញ គឺមានភាពច្បាស់ដិតល្អជាមួយកម្រិតទឹកពណ៌ និងកម្រិតពន្លឺក៏ជះចេញបានភ្លឺច្បាស់ដិតល្អសម្រាប់ការទស្សនា…
ចូលមកផ្នែកកាមេរ៉ាវិញ Honor បានផ្តល់ឲ្យយើងសម្រាប់កាមេរ៉ាក្រោយរបស់ Honor X6a ចំនួន 3 គ្រាប់រៀបជាការ៉េជាមួយអំពូល LED Flash មួយគ្រាប់…ដោយនៅក្នុងលែនកាមេរ៉ាទាំងបីគ្រាប់នេះ យើងទទួលបានសែនស័រគោលទំហំធំដល់ 50MP មាន aperture 1.8 មានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ស្អាតមិនចាញ់ស្មាតហ្វូនដែលមានតម្លៃថ្លៃៗជាងវាឡើយ គឺរូបភាពដែលផលិតចេញមកបានច្បាស់ដិតស្រស់ស្អាតអាចទទួលយកបាន…ចំនែកសែនស័របន្ថែមពីរគ្រាប់ផ្សេងទៀត គឺទំហំ 2MP មាន aperture 2.4 ដូចគ្នា ដែលជាប្រភេទ Macro និង Depth Sensor… ស្មាតហ្វូននេះមានកាមេរ៉ាសែលហ្វីទំហំ 5MP មាន aperture 2.2 ស្ថិតនៅក្នុងឆក Waterdrop នៃអេក្រង់…
ចំពោះគុណភាពរូបភាពដែលផលិតចេញពីកាមេរ៉របស់ Honor X6a គឺធ្វើបានល្អនៅទីតាំងមានពន្លឺគ្រប់គ្រាន់ ដោយរូបភាពដែលផលិតចេញមកមានកម្រិតភាពម៉ដ្ឋដិតច្បាស់ល្អ ជាមួយការគ្រប់គ្រងកម្រិតពន្លឺបានភ្លឺច្បាស់មិនស្រអាប់ ឬឡើងស្លេកឆ្លកលើផ្ទៃរូបភាពឡើយ…រីការថតរូបបែបព្រាលផ្ទៃខាងក្រោយ និងបែប Macro ក៏មានគុណភាពច្បាស់ល្អអាចទទួលយកបានផងដែរ…ចំនែកសែនស័រកាមេរ៉ាមុខទំហំ 5MP ក៏មានសមត្ថភាពក្នុងការផលិតរូបភាពសែលហ្វីបានភ្លឺស្រស់ស្អាតគួរជាទីពេញចិត្តនៅទីតាំងមានពន្លឺគ្រប់គ្រាន់…ទៅលើលទ្ធភាពក្នុងការផលិតវីដេអូវិញ ទាំងកាមេរ៉ាក្រោយ និងកាមេរ៉ាមុខ គឺអាចធ្វើបានកម្រិត 1080px ល្បឿន 30fps ដូចគ្នា…
ចំពោះការឌីស្សាញរូបរាងខាងក្រៅរបស់ Honor X6a ក៏មានភាពស្រស់ស្អាតអាចទទួលយកបានជាមួយជម្រើសពណ៌ខ្មៅហៅថា Midnight Black និងពណ៌ពងក្រសាហៅថា Cyan Lake…បន្ថែមពីលើការឌីស្សាញ យើងក៏ឃើញមានប្រព័ន្ធចាក់សោរសុវត្ថិភាព Fingerprint Scanner Sensor ស្ថិតនៅលើប៊ូតុង Power ដែលផ្តល់សុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ ដែលមានដំណើរការសំគាល់បានលឿនរហ័សទាន់ចិត្តទៀតផង…រីនៅខាងក្រោមយើងក៏ទទួលបានរន្ធដោតកាសខ្នាត 3.5mm រន្ធសាកភ្លើងប្រភេទ C និងរន្ធ Speaker បំពងសំឡេង រីរន្ធស៊កបញ្ចូលទ្រនាប់ស៊ីមកាតទាំងពីរស្ថិតនៅលើស៊ុមខាងឆ្វេងដែលគាំទ្រប្រព័ន្ធសេវា 4G LTE…
Honor X6a ដំណើរការនៅលើបន្ទះឈីប MediaTek Helio G36 មានអង្គ CPU ចំនួន 8-core ភ្ជាប់ជាមួយអង្គ GPU ស៊េរី PowerVR GE8320 និងរ៉េមទំហំ 4GB រួមនិងម៉េមូរីក្នុងម៉ាស៊ីនធំទំហំ 128GB… ស្មាតហ្វូនធុនបង្គួរស៊េរីថ្មីមួយនេះ គាំទ្រការដំឡើងមកជាមួយ Android 13 ស្រោបដោយផ្ទៃ Magic UI7.1 ចេញពីប្រអប់ស្រាប់… បើតាមរយះការធ្វើតេស្តល្បឿនដំណើរការនៅលើ Honor X6a ឃើញថា ការដំណើរការកម្មវិធី គឺមានធ្វើបានរលូនល្អ ការចេញចូលកម្មវិធី ការឆ្លាស់កម្មវិធីប្រើពីមួយទៅមួយ គឺធ្វើបានល្អអាចទទួលយកបាន…ចំនែកការលេងហ្គេមទំហំល្មម ឃើញថា ម៉ាស៊ីនរបស់ Honor X6a អាចគាំទ្រការលេងបានយ៉ាងរលូនពុំមានបញ្ហាឡើយ…
ជាមួយថ្មដែលបានទំហំធំដល់ 5,200mAh នៅក្នុងខ្លួនរស់ Honor X6a គឺពិតជាកាន់ថាមពលបានល្អមែនទែនសម្រាប់ការប្រើប្រាស់…បើត្រឹមតែកាន់ប្រើធម្មតាៗ គឺកាន់បានហ៊ៀរដល់ថ្ងៃទី 3 ហើយប្រើកម្រិតធ្ងន់ដូចជាលេងហ្គេម បើកគេហទំព័រ ឬក៏ទស្សនាវីដេអូ TikTok និង Youtube លើអេក្រង់ជាប់វិញ គឺបានជិតមួយថ្ងៃ…ហើយការសាកភ្លើងចូលវិញ ក៏ធ្វើបានលឿនរហ័សផងដែរ តាមរយះឆ្នាំងសាកកំលាំង 22.5W ដែលសាកពីថ្ម 0% ទៅ 31% ប្រើពេលប្រមាណ 20 នាទីប៉ុណ្ណោះ
និយាយជារួមមកវិញ…ឃើញថា Honor X6a មានគុណសម្បត្តិគ្រប់គ្រាន់សមល្មមសម្រាប់ការប្រើប្រាស់លេងកម្សាន្តប្រចាំថ្ងៃបាន… ស្មាតហ្វូនមួយនេះមានអេក្រង់ធំច្បាស់ កាមេរ៉ាធំប្រកបដោយគុណភាព ថ្មធំកាន់ថាមពលប្រើប្រាស់លេងកម្សាន្តបានយូរ មិនធ្វើឲ្យយើងខ្វល់រវល់រឿងដោតសាកភ្លើងច្រើនដងក្នុងមួយថ្ងៃ រួមនឹងគុណសម្បត្តិល្អៗជាច្រើនផ្សេងទៀត… អីចឹង…ទៅរកស្មាតហ្វូនឯណាទៀតដែលមានតម្លៃល្អដូច Honor X6a នេះទៅ ត្រឹមតែ $129 ប៉ុន្តែ មានចំនុចគាប់ចិត្តជាច្រើន… Honor X6a ស្មាតហ្វូនស៊េរីថ្មីដែលមានគុណភាពលើសពីតម្លៃ…