នៅក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនភាគច្រើន គឺមានផ្តោតទៅលើការផលិតស្មាតហ្វូនដែលមានរូបរាងស្តើង។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញនូវស្មាតហ្វូន Galaxy S25 Edge ដែលមានរូបរាងស្លីម ហើយក្រុមហ៊ុន Apple ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន iPhone 17 Air នៅចុងឆ្នាំនេះផងដែរ។ នៅពេលនេះ ក្រុមហ៊ុន Tecno ក៏ចូលរួមនៅក្នុងនិន្នាការនេះ ជាមួយនឹងវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Spark Slim ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2025 នេះ។
ស្មាតហ្វូន Spark Slim នេះមានកម្រាស់ 5.75mm តែប៉ុណ្ណោះ ដែលបានធ្វើអោយម៉ូដែលនេះ ក្លាយជាស្មាតហ្វូនស្តើងបំផុតរបស់ពិភពលោក នេះបើតាមការបញ្ជាក់ចេញពីក្រុមហ៊ុន Tecno។ បើទោះបីជាស្មាតហ្វូននេះ មានរូបរាងស្តើង ក៏ដោយនោះ ស្មាតហ្វូនថ្មីនេះ គឺមានថាមពលថ្មទំហំ 5,200mAh ដែលធំជាងស្មាតហ្វូន Galaxy S25 Ultra ដែលមានកម្រាស់ 8.2mm។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.78-អ៊ីង ជាប្រភេទអេក្រង់កោង AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿនដល់ទៅ 144Hz refresh rate។
ក្រុមហ៊ុន Tecno បានអះអាងថា អេក្រង់ស្មាតហ្វូនថ្មីនេះ មានពន្លឺដល់ទៅ 4,500 nits។ ស្មាតហ្វូន Spark Slim នេះនឹងមានបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ហើយសម្រាប់បន្ទះឈីបវិញនោះ ក្រុមហ៊ុន Tecno មិនទាន់ទម្លាយនៅឡើយទេ។ ស្មាតហ្វូន Spark Slim នេះបំពាក់នូវកាមេរ៉ាភ្លោះ Dual 50MP ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 13MP selfie។
ក្រុមហ៊ុននេះ ក៏បានផ្តោតទៅលើភាពធន់ និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ផងដែរតាមរយៈការប្រើប្រាស់នូវអាលុយមីញ៉ូម និងដែកអ៊ីណុកថែមទៀតផង។ ស្មាតហ្វូ នSpark Slim នេះមានរូបរាងទាក់ភ្នែកមែនទែន ជាពិសេសទៅលើកាមេរ៉ា។ ក្រុមហ៊ុន Tecno នឹងមានការបង្ហាញស្មាតហ្វូននេះ នៅក្នុងស្តង់របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2025 ផងដែរ៕