ក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ Blue Oval ក្នុងប្រទេសអូស្ត្រាលី ត្រូវបានគេដឹងថា បានធ្វើការគិតគួររួចរាល់ហើយសម្រាប់ការកែប្រែអភិវឌ្ឍន៍រថយន្ត Ranger ជំនាន់ថ្មីរបស់ Ford ដែលលក់ដាច់បំផុតក្នុងប្រទេសអូស្ត្រាលី។ ការអភិវឌ្ឍន៍ថ្មីនៃរថយន្ត Ford Ranger ជំនាន់ក្រោយរួមនឹងម៉ូដែល SUV ដែលមានប្រជាប្រិយភាពខ្លាំងបំផុត គឺ Ford Everest គឺនឹងបន្តនៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ទីផ្សារអូស្ត្រាលី។

បើទោះបីជា Ford មិនទាន់បានបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែនេះ គឺជាចំណុចសំខាន់ដែលនាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ផលិតផលរបស់ Ford ជាច្រើនរូបបានលើកឡើង ខណៈដែលក្រុមហ៊ុន Blue Oval បានចេញលក់រថយន្ត Ranger ម៉ូដែលប្រចាំឆ្នាំ ឬ MY26.50 ដែលជាកំណែប្រសើរឡើងនៃម៉ូដែលលក់ដាច់បំផុតក្នុងប្រទេសអូស្ត្រាលីនៅរយៈពេលបីឆ្នាំកន្លងមកនេះ។

Ford នៅតែជាក្រុមហ៊ុនផលិតរថយន្តតែមួយគត់ដែលមានក្រុមការងារជំនាញ និងគ្រឿងបរិក្ខារដែលត្រូវការដើម្បីការរចនា ផ្នែកបច្ចេកទេសវិស្វកម្ម និងអភិវឌ្ឍយានយន្តតាំងពីដំបូងនៅក្នុងប្រទេសអូស្ត្រាលី ហើយ Ford Australia គឺជា “មជ្ឈមណ្ឌលឧត្តមភាព”សកលសម្រាប់ការប្រើប្រាស់នូវបច្ចេកទេសវិស្វកម្មគ្រោងឆ្អឹងប្រភេទ T6 ladder-frame Platform ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតរថយន្ត Ford Ranger, Everest និង Bronco ក៏ដូចជារថយន្ត Volkswagen Amarok ផងដែរ។

រថយន្ត Ford Ranger ពីរជំនាន់ចុងក្រោយត្រូវបានផលិតឡើងនៅក្នុងប្រទេសអូស្ត្រាលីដោយប្រើប្រាស់អ្នកជំនាញផ្នែករចនា និងវិស្វកររថយន្តក្នុងប្រទេសអូស្ត្រាលីផ្ទាល់ចំនួនជាង 1,000 នាក់ ដែលរួមទាំងស៊េរី PX ឆ្នាំ 2011 និងស៊េរី RA បច្ចុប្បន្នឆ្នាំ 2022 ដោយក្រុមហ៊ុន Ford បានចាយទុនវិនិយោគ 5 ពាន់លានដុល្លារក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតរថយន្តនៅប្រទេសអូស្ត្រាលីក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ ដោយក្នុងនោះទឹកប្រាក់ចំនួនប្រមាណ 500 លានដុល្លារត្រូវប្រើប្រាស់ជារៀងរាល់ឆ្នាំចាប់តាំងពី Ford បានបញ្ឈប់ការផលិតក្នុងស្រុកនៅឆ្នាំ 2016 មក។ 


តាមពិតទៅ កាលពីខែមីនា ឆ្នាំ 2026 នាអំឡុងពេលដំណើរទស្សនកិច្ចហោះហើរដើម្បីទស្សនារោងចក្រក្នុងប្រទេសអូស្ត្រាលីរបស់ក្រុមហ៊ុន ពីលោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានព្រមានថា “ការអភិវឌ្ឍផលិតផលរថយន្ត Ford ក្នុងប្រទេសអូស្ត្រាលីអាចនឹងបញ្ឈប់ លុះត្រាតែមានការផ្លាស់ប្តូរចំពោះស្តង់ដារប្រសិទ្ធភាពយានយន្តថ្មី (NVES) របស់រដ្ឋាភិបាលសហព័ន្ធ។

ដោយសារតែបទប្បញ្ញត្តិទាំងនេះនឹងមានផលប៉ះពាល់ទៅលើម៉ាករថយន្ត លើផ្នែកហិរញ្ញវត្ថុសម្រាប់ការលក់រថយន្តដែលបំភាយឧស្ម័នខ្ពស់ ដូចជា រថយន្ត Ranger និង Everest ដែលប្រើម៉ាស៊ីនម៉ាស៊ូ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការដាក់លក់រថយន្ត Ranger MY26.50 ថ្មីៗនេះ Ford បានបញ្ជាក់ជាថ្មីថា ខ្លួននឹងបន្តអភិវឌ្ឍរថយន្តនៅក្នុងប្រទេសអូស្ត្រាលី ហើយបានបង្ហាញថា ខ្លួនកំពុងគិតរួចហើយអំពីរថយន្តជំនាន់ក្រោយៗរបស់ខ្លួនសម្រាប់ទីផ្សារអូស្ត្រាលី និងអឺរ៉ុប ដែលបច្ចុប្បន្នត្រូវបានលក់នៅក្នុងទីផ្សារយ៉ាងហោចណាស់ 180 នៅទូទាំងពិភពលោក។


លោក Ambrose Henderson នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Ford Australia បានបញ្ជាក់សារជាថ្មី ដោយបាននិយាយថា “បច្ចុប្បន្នយើងមានបុគ្គលិកចំនួន 1,500 នាក់នៅក្រុមហ៊ុន Ford Australia ហើយជារៀងរាល់ថ្ងៃពួកគេកំពុងច្នៃប្រឌិត ពួកគេកំពុងវិនិយោគលើការអាប់ដេតបន្ទាប់ ជំនាន់ក្រោយ ការរីកចម្រើនបន្ទាប់ ដើម្បីរក្សាបាននៅជួរមុខនៃយានយន្តទាំងនេះ ទាំងនៅទីនេះ និងជុំវិញពិភពលោក”។ ហើយ Blue Oval មានមជ្ឈមណ្ឌលអភិវឌ្ឍន៍ផលិតផលសកល (PDC) ចំនួនបួនដែលផ្តល់សេវាកម្មពេញលេញនៅទូទាំងពិភពលោក ហើយប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ប្រទេសអូស្ត្រាលីរបស់ខ្លួនត្រូវបានបែងចែកនៅទូទាំងរោងចក្រចំនួនបួននៅរដ្ឋ Victoria។ 


លោក Baumbick បានមានប្រសាសន៍ថា “Ford អូស្ត្រាលីបន្តអភិវឌ្ឍយានយន្តសម្រាប់ទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រៅពីរថយន្ត Ranger, Everest, Bronco និង Amarok”។ លោក Baumbick បានមានប្រសាសន៍បន្ថែមថា “សម្រាប់ T6 ladder-frame Platform ប្រើនៅសម្រាប់ការផលិត Ranger នេះ គឺជាមូលដ្ឋាននៃចំណេះដឹងជុំវិញការផលិតរថយន្ត Ranger ដែលបានចាប់ផ្តើម និងបញ្ចប់នៅទីនេះ”៕