ហេតុអ្វីបានជាគេប្រៀបធៀបរថយន្តអគ្គិសនីទៅនិងទូរស័ព្ទដៃ smart phone ដែលអាចមានបញ្ហាប្រឈមដូចគ្នាសម្រាប់តម្លៃលក់ចេញបន្ត (Resale Value) ដោយសារគុណភាពថ្ម និងបច្ចេកវិទ្យា?

ការយល់ដឹងអំពីតម្លៃរថយន្តលក់ចេញបន្តនៅក្នុងយុគសម័យបច្ចេកវិទ្យា គឺនៅពេលទិញរថយន្តថ្មី មនុស្សភាគច្រើនផ្តោតលើតម្លៃទិញ, កម្រិតស៊ីប្រេងឥន្ធនៈ, លក្ខណៈពិសេសនៃការប្រើប្រាស់ និងការរចនា។ ទោះជាយ៉ាងណាក៏ដោយ កត្តាសំខាន់ធំមួយដែលប៉ះពាល់ដល់ថ្លៃដើមសរុបនៃភាពជាម្ចាស់រថយន្ត គឺតម្លៃចេញលក់បន្តបន្ទាប់ពីប្រើប្រាស់រួច។
ជាទូទៅ រថយន្តដែលដំណើរការដោយម៉ាស៊ីនសាំងបានរក្សាតម្លៃលក់ចេញបន្តមានស្ថេរភាព ពីព្រោះបច្ចេកវិទ្យារបស់ពួកគេផ្លាស់ប្តូរយឺតៗ ហើយអ្នកទិញមានទំនុកចិត្តលើភាពធន់រយៈពេលវែងនៃដំណើរការម៉ាស៊ីន និងប្រអប់លេខ។ ម្យ៉ាងវិញទៀត រថយន្តអគ្គិសនីត្រូវបានគេប្រៀបធៀបដូចទៅនឹងការប្រើទូរស័ព្ទស្មាតហ្វូន(Smart Phone) ដោយសារតែល្បឿននៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឆាប់រហ័ស និងគុណភាពថ្មឆាប់ធ្លាក់ចុះបន្ទាប់ពីប្រើរួច។
ផលប៉ះពាល់នៃទូរស័ព្ទស្មាតហ្វូន បើសិនគិតអំពីការទិញទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយបំផុតនៅថ្ងៃនេះ វាអាចជាម៉ូដែលទំនើបបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែបន្ទាប់ពីប្រើបានពីរឬបីឆ្នាំ ម៉ូដែលថ្មីៗមកដល់ជាមួយនឹងប្រព័ន្ធដំណើរការល្អជាង អាយុកាលថ្មកាន់បានយូរជាងមុន ការសាកថ្មលឿនជាង និងកម្មវិធីប្រើប្រាស់ក៏ប្រសើរឡើងជាងមុខ។ ជាលទ្ធផល ទូរស័ព្ទចាស់បានធ្លាក់ថ្លៃលឿនយ៉ាងឆាប់រហ័ស។
ងាកទៅមើល រថយន្តអគ្គិសនីវិញក៏អាចប្រឈមមុខនឹងបញ្ហាស្រដៀងគ្នាជាមួយទូរស័ព្ទស្មាតហ្វូននោះដែរ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតបានណែនាំរថយន្តអគ្គិសនីជាច្រើនម៉ូឌែលដែលមានរយៈចម្ងាយបើកបរបានវែងជាងមុន មានសមត្ថភាពសាកថ្មលឿនជាងមុខ ដំណើរការកម្មវិធីឆ្លាតវៃជាងមុខ និងបំពាក់ដោយបច្ចេកវិទ្យាថ្មកាន់តែទំនើបជាងមុខ។ កាលពីប៉ុន្មានឆ្នាំមុន រថយន្តអគ្គិសនីដែលអាចធ្វើដំណើរបាន 400Km ក្នុងការសាកថ្មម្តង អាចហាក់ដូចជាមិនសូវទាក់ទាញទេ តែនៅពេលបច្ចុប្បន្ន ម៉ូដែលថ្មីៗចុងក្រោយអាចបើកបរបានដល់ 600Km ឬច្រើនជាងនេះ។ នៅពេលដែលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័សពេក ធ្វើឱ្យរថយន្តអគ្គិសនីម៉ូឌែលចាស់ៗអាចជួបប្រទះនឹងការធ្លាក់ថ្លៃលឿនបើប្រៀបធៀបទៅនឹងរថយន្តប្រើសាំងធម្មតា។
សំណួរអំពីថ្មអាគុយ ដែលជាកង្វល់ដ៏ធំបំផុតមួយសម្រាប់អ្នកទិញរថយន្តអគ្គិសនីមួយទឹក គឺសុខភាពថ្ម។ ខណៈដែលថ្មអាគុយរបស់រថយន្តទំនើបៗត្រូវបានរចនាឡើងដើម្បីឱ្យប្រើប្រាស់បានច្រើនឆ្នាំក៏ដោយ ការចុះខ្សោយថ្មអាគុយនៅតែអាចកើតមានឡើងដោយធម្មជាតិតាមពេលវេលានិងលក្ខខណ្ឌនៃការប្រើប្រាស់។ ដូចគ្នានឹងថ្មទូរស័ព្ទដៃស្មាតហ្វូនដែលអាចបាត់បង់សមត្ថភាពថ្មបន្តិចម្តងៗបន្ទាប់ពីវដ្តសាកថ្មអស់ជាច្រើនឆ្នាំ ហើយថ្មរថយន្តអគ្គិសនីមួយទឹកក៏អាចជួបប្រទះនឹងការថយចុះនៃការផ្ទុកថាមពលអតិបរមារបស់វាដូចគ្នាផងដែរ។
នៅពេលទិញរថយន្តសាំងមួយទឹក អ្នកទិញអាចវាយតម្លៃស្ថានភាពម៉ាស៊ីនតាមរយៈកំណត់ត្រាថែទាំ និងការត្រួតពិនិត្យជាក់ស្តែង។ ប៉ុន្តែ រថយន្តអគ្គិសនីមួយទឹក អ្នកទិញតែងតែសួរថា៖
• តើថ្មអាគុយមានសុខភាពល្អប៉ុណ្ណា?
• តើរយៈចម្ងាយបើកបរនៅសល់ប៉ុន្មាន?
• តើតម្លៃនៃការផ្លាស់ប្តូរថ្មអាគុយនាពេលអនាគតថ្លៃប៉ុណ្ណា?
ចម្លើយដែលមិនអាចឆ្លើយតបបានច្បាស់លាស់ អាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញ ហើយជាលទ្ធផល គេនឹងឱ្យតម្លៃលក់បន្តថោក។
ហេតុអ្វីបានជារថយន្តប្រើសាំងមួយទឹក ច្រើនតែអាចរក្សាបានតម្លៃលក់ចេញបន្តបានល្អជាងរថយន្តអគ្គិសនី? រថយន្តដែលប្រើសាំងទទួលបានអត្ថប្រយោជន៍ជាច្រើននៅក្នុងទីផ្សាររថយន្តមួយទឹកដូចជា៖
• មានបណ្តាញសេវាកម្មថែទាំនិងជួសជុលច្រើនដែលងាយស្រួលដល់អ្នកទិញបន្ត
• បច្ចេកវិទ្យាដែលជាងជំនាញមេកានិចធ្លាប់ស្គាល់ ហើយអាចជួសជុលបានងាយ
• ថ្លៃជួសជុល ឬថ្លៃគ្រឿងបន្លាស់ដែលអាចព្យាករណ៍បានថាតម្លៃសមរម្យ និងមានលក់នៅលើទីផ្សារ
• គ្មានការព្រួយបារម្ភអំពីការចុះខ្សោយនៃគុណភាពថ្មអាគុយ។
ដោយសារតែបច្ចេកវិទ្យាបន្តវិវត្តបន្តិចម្តងៗ ធ្វើឱ្យរថយន្តប្រើសាំងដែលមានអាយុកាលជាងប្រាំឆ្នាំ តែមានអារម្មណ៍ស្រដៀងទៅនឹងរថយន្តថ្មីទាក់ទងនឹងបទពិសោធន៍បើកបរ និងការអនុវត្តជាក់ស្តែង។
ដូចជាទូរស័ព្ទស្មាតហ្វូនដែលបាត់បង់តម្លៃនៅពេលដែលទូរស័ព្ទជំនាន់ថ្មីៗមកដល់ ហើយរថយន្តអគ្គិសនីអាចជួបប្រទះនឹងការធ្លាក់ចុះតម្លៃលឿនជាងមុនដោយសារតែការិវឌ្ឍននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័សពេក និងមានការព្រួយបារម្ភអំពីសុខភាពថ្ម។ ទន្ទឹមនឹងនេះ រថយន្តប្រើម៉ាស៊ីនសាំងនៅតែបន្តទទួលបានគុណប្រយោជន៍ពីបច្ចេកវិទ្យាដែលគេគ្រប់គ្នាធ្លាប់ស្គាល់ និងអាចទុកចិត្តបានសម្រាប់អ្នកទិញបន្ត។
ខណៈដែលរថយន្តអគ្គិសនីបន្តទទួលបានប្រជាប្រិយភាព ដោយផ្តល់អត្ថប្រយោជន៍ដូចជាការចំណាយប្រតិបត្តិការទាប និងការកាត់បន្ថយការបំភាយឧស្ម័នពុលទៅបរិយាកាសក៏ដោយ ប៉ុន្តែការព្រួយបារម្ភអំពីសុខភាពថ្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័សពេក អាចធ្វើឱ្យតម្លៃលក់បន្តបន្ទាប់ពីប្រើរួចមានការធ្លាក់ចុះលឿននាពេលអនាគត ដែលជាការពិចារណាដ៏សំខាន់សម្រាប់អ្នកទិញរថយន្តមួយទឹក។
ស្របពេលជាមួយគ្នានេះដែរ រថយន្តប្រើម៉ាស៊ីនសាំងបានបន្តបង្ហាញពីប្រសិទ្ធភាពនៃការលក់ដ៏រឹងមាំ ជាពិសេសគឺម៉ាកយីហោល្បីៗដែលគួរឱ្យទុកចិត្តបំផុតនៅលើទីផ្សារកម្ពុជាដូចជា Toyota, Ford និង MG ដែលបានបង្កើតការទទួលស្គាល់លើម៉ាកយីហោរថយន្តថ្មី និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់យ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ រថយន្តទាំង ៣ ម៉ាកនេះ នៅតែជាតម្រូវការខ្ពស់នៅក្នុងទីផ្សាររថយន្តទាំងថ្មី និងមួយទឹក ដោយសារតែភាពជឿជាក់ លើការគាំទ្រផ្នែកសេវាកម្ម និងគុណភាពរបស់ពួកគេ។
លើសពីនេះ តម្លៃប្រេងឥន្ធនៈនៅទូទាំងសកល ក៏កំពុងបន្តធ្លាក់ចុះក្នុងរយៈពេលថ្មីៗនេះ ដែលជួយកាត់បន្ថយគម្លាតនៃការចំណាយថ្លៃប្រេងឥន្ធនៈសម្រាប់រថយន្តប្រើសាំង។ ចំណុចនេះធ្វើឱ្យរថយន្តប្រើសាំង នៅតែជាជម្រើសដ៏ទាក់ទាញជាងមុន ជាពិសេសនៅពេលពិចារណាអំពីការរក្សាតម្លៃលក់ចេញបន្តឱ្យកាន់តែល្អ និងមានភាពងាយស្រួលនៃការលក់បន្តលើទីផ្សាររថយន្តមួយទឹក។
សរុបមក ទាំងរថយន្តអគ្គិសនី និងរថយន្តប្រើសាំង សុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួន។ ដូច្នេះ ប្រសិនបើអ្នកទិញដែលផ្តល់អាទិភាពខ្ពស់ដល់តម្លៃលក់បន្តរយៈពេលវែង គិតគូរលើការទទួលយកលើទីផ្សារ និងមានទំនុកចិត្តក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិរយៈពេលវែង នោះរថយន្តប្រើសាំងពីម៉ាកយីហោ ដែលគួរឱ្យទុកចិត្ត នៅតែជាជម្រើសដ៏ឆ្លាតវៃ និងសមហេតុផលបំផុតនៅក្នុងទីផ្សារកម្ពុជានាពេលសព្វថ្ងៃនេះ។ រថយន្តដ៏ល្អបំផុត គឺមិនមែនតែងតែបំពាក់នូវបច្ចេកវិទ្យាថ្មីៗបំផុតនោះទេ តែវាគឺជារថយន្តដែលផ្តល់នូវតុល្យភាពយ៉ាងត្រឹមត្រូវនៃថ្លៃដើមពេលទិញ និងរក្សាតម្លៃលក់បន្តចេញមានស្ថេរភាព។
